
(ខេត្តឧត្តរមានជ័យ)៖ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រជាពលរដ្ឋជាច្រើនកុះករនៅក្នុងខេត្តឧត្តរមានជ័យ បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សួននាងគង្ហីងបឹងស្នោ» និងសមិទ្ធិផលនានាជាច្រើនទៀត។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីសម្ពោធនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

«សួននាងគង្ហីងបឹងស្នោ» មិនត្រឹមតែជាសមិទ្ធិផលនៃការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរំលឹកដល់ប្រពៃណីរបស់ដូនតា ផ្សព្វផ្សាយវប្បធម៌ខ្មែរ និងឆ្លុះបញ្ចាំងពីការដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី និងអត្តសញ្ញាណជាតិ។ លើសពីនេះ ទីតាំងថ្មីនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅក្នុងខេត្តឧត្តរមានជ័យកាន់តែច្រើន។

នៅក្នុងព្រឹត្តិការណ៍នេះ កម្មវិធីសំខាន់ៗជាច្រើនត្រូវបានរៀបចំឡើងតាមបែបប្រពៃណី និងជំនឿសាសនា រួមមាន៖
ការថ្វាយស័ង្ខចំពោះព្រះលោកេស្វរៈ និងព្រះគណេស
ពិធីកាត់ខ្សែបូ និងបើកផ្លាកឈ្មោះសួនជាផ្លូវការ
ពិធីបួងសួងសុំសេចក្តីសុខជូនជាតិ-មាតុភូមិ
កម្មវិធីបណ្តែតកន្ទោង និងបង្ហោះគោម យ៉ាងអធិកអធម
ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបួងសួងថ្វាយព្រះពរជ័យថ្នាក់ដឹកនាំជាតិជាន់ខ្ពស់ ជូនពរកងទ័ពជួរមុខ និងសុំឱ្យប្រទេសជាតិជៀសផុតពីគ្រោះឧបទ្រពចង្រៃផ្សេងៗ។ សម្តេចក៏បានជំរុញឱ្យបន្តពង្រឹងកំណើនសេដ្ឋកិច្ច វិស័យទេសចរណ៍ និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ព្រមទាំងជូនពរដល់កិច្ចប្រជុំហ្រ្វង់កូហ្វូនី និងកិច្ចប្រជុំ UNCLOS ឱ្យទទួលបានជោគជ័យផងដែរ។

សមិទ្ធិផលថ្មីនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការថែរក្សា និងលើកស្ទួយវប្បធម៌ជាតិនៅគ្រប់តំបន់៕


