
ខេត្តព្រះសីហនុ៖ កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ព្រមទាំងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ និងសំណេះសំណាលជាយុទ្ធសាស្ត្រ ជាមួយមន្ត្រីរាជការ នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការកែក្លែង (ក.ប.ប.) ខេត្តព្រះសីហនុ។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ ប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្ដម ឡាយ សុខសៅគន្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យជំនាញពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ ដឹកនាំដោយ លោក ឃុន ស៊ីម៉ន ប្រធានសាខា។

ក្នុងឱកាសនោះ ឯកឧត្ដម វ៉េង សុធី រដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់។ ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំគន្លឹះៗ ពាក់ព័ន្ធនឹងទិសដៅការងារកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ ឯកឧត្ដម ឡាយ សុខសៅគន្ធា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីតួនាទី បេសកកម្ម និងភារកិច្ចស្នូលរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្នុងគោលដៅពង្រឹងអភិបាលកិច្ចល្អ ធានាបាននូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការប្រតិបត្តិការងារគ្រប់ជាន់ថ្នាក់។

ជាមួយគ្នានោះដែរ លោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្តព្រះសីហនុ បានឡើងមានមតិស្វាគមន៍យ៉ាងជ្រាលជ្រៅ និងបានរាយការណ៍សង្ខេបអំពីសមិទ្ធផល ព្រមទាំងវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ ជូនអង្គប្រជុំជ្រាបផងដែរ។

កិច្ចប្រជុំទាំងមូលបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ឆ្លុះបញ្ចាំងពីស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាតម្លើងស្តង់ដារការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ ព្រមទាំងលើកកម្ពស់បរិយាកាសប្រកួតប្រជែងប្រកបដោយសមធម៌ ស្របតាមគោលនយោបាយដឹកនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម៕



