រថយន្ត «វិរៈប៊ុនថាំ» ក្រឡាប់នៅស្រុកកោះញែក ធ្វើឱ្យអ្នកដំណើរ ៣១នាក់ ររងរបួសធ្ងន់ស្រា

​នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងសារជាថ្មីទៀតហើយ ដោយសារតែរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន «វិរៈប៊ុនថាំ» បានក្រឡាប់ធ្លាក់ផ្លូវ បង្កឱ្យមនុស្សរហូតដល់ ៣១នាក់ រងរបួស និងជួបការភ័យខ្លាចយ៉ាងខ្លាំង។

​យោងតាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ក្រឡាប់រថយន្តនេះ បានកើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៩ និង ២១០ លើកំណាត់ផ្លូវជាតិលេខ ៧៦ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី។

​ហេតុការណ៍ដ៏រន្ធត់មួយនេះ បានបណ្ដាលឱ្យអ្នកដំណើរនៅលើរថយន្តសរុបចំនួន ៣១នាក់ ក្នុងនោះមានស្រី ១២នាក់ និងប្រុស ១៩នាក់ ត្រូវរងរបួសធ្ងន់ និងស្រាល។ ប៉ុន្តែជាសំណាងល្អ ពុំមានអ្នកបាត់បង់ជីវិតក្នុងគ្រោះថ្នាក់នេះឡើយ។

​ភ្លាមៗនោះ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍យ៉ាងប្រញាប់ប្រញាល់ ដោយបានជួយសង្គ្រោះ និងបញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកោះញែក ដើម្បីទទួលបានការសង្គ្រោះ និងព្យាបាលបន្ទាន់។

មហាជន និងអ្នកធ្វើដំណើរជាច្រើនកំពុងរង់ចាំមើលថា តើភាគីក្រុមហ៊ុន «វិរៈប៊ុនថាំ» និងអ្នកបើកបររូបនេះ នឹងចេញមុខទទួលខុសត្រូវបែបណាចំពោះជីវិត និងសុវត្ថិភាពរបស់អ្នកដំណើរទាំង ៣១នាក់នេះ?

​ខណៈពេលនេះ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះអ្នកបើកបរ និងភាគីក្រុមហ៊ុន ដោយមិនអាចបណ្តែតបណ្តោយឱ្យកើតមានហេតុការណ៍ប្រឡែងលេងនឹងជីវិតអ្នកដំណើរប្រជាពលរដ្ឋបែបនេះទៀតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here