
(ខេត្តព្រះសីហនុ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ បានរួមគ្នារៀបចំព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងបង្សុកូលឧទ្ទិសព្រះរាជកុសល ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២ – ១៥ តុលា ២០២៦)។

ពិធីដ៏ស្កាត់ស្ស្កំ និងអធិកអធមនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

ការរៀបចំពិធីនេះឡើង គឺដើម្បីសម្តែងនូវកតញ្ញូកតវេទិតាធម៌ និងការចងចាំយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាធិគុណដ៏ធំធេង និងព្រះរាជវីរភាពដ៏ខ្ពង់ខ្ពស់របស់ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ ពិសេសគឺការទាមទារឯករាជ្យជាតិ និងការបង្រួបបង្រួមជាតិខ្មែរ។

ក្នុងឱកាសនោះផងដែរ អ្នកចូលរួមទាំងអស់បានរួមចិត្តគ្នាបួងសួងឧទ្ទិសព្រះរាជកុសល សូមឱ្យព្រះវិញ្ញាណក្ខន្ធរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានយាងទៅសោយសុខក្នុងបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕



