
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងសារជាថ្មីទៀតហើយ ដោយសារតែរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន «វិរៈប៊ុនថាំ» បានក្រឡាប់ធ្លាក់ផ្លូវ បង្កឱ្យមនុស្សរហូតដល់ ៣១នាក់ រងរបួស និងជួបការភ័យខ្លាចយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍ក្រឡាប់រថយន្តនេះ បានកើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៩ និង ២១០ លើកំណាត់ផ្លូវជាតិលេខ ៧៦ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគីរី។

ហេតុការណ៍ដ៏រន្ធត់មួយនេះ បានបណ្ដាលឱ្យអ្នកដំណើរនៅលើរថយន្តសរុបចំនួន ៣១នាក់ ក្នុងនោះមានស្រី ១២នាក់ និងប្រុស ១៩នាក់ ត្រូវរងរបួសធ្ងន់ និងស្រាល។ ប៉ុន្តែជាសំណាងល្អ ពុំមានអ្នកបាត់បង់ជីវិតក្នុងគ្រោះថ្នាក់នេះឡើយ។

ភ្លាមៗនោះ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍យ៉ាងប្រញាប់ប្រញាល់ ដោយបានជួយសង្គ្រោះ និងបញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកោះញែក ដើម្បីទទួលបានការសង្គ្រោះ និងព្យាបាលបន្ទាន់។
មហាជន និងអ្នកធ្វើដំណើរជាច្រើនកំពុងរង់ចាំមើលថា តើភាគីក្រុមហ៊ុន «វិរៈប៊ុនថាំ» និងអ្នកបើកបររូបនេះ នឹងចេញមុខទទួលខុសត្រូវបែបណាចំពោះជីវិត និងសុវត្ថិភាពរបស់អ្នកដំណើរទាំង ៣១នាក់នេះ?

ខណៈពេលនេះ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះអ្នកបើកបរ និងភាគីក្រុមហ៊ុន ដោយមិនអាចបណ្តែតបណ្តោយឱ្យកើតមានហេតុការណ៍ប្រឡែងលេងនឹងជីវិតអ្នកដំណើរប្រជាពលរដ្ឋបែបនេះទៀតឡើយ៕



