មនុស្ស ៥នាក់មានអាការៈមិនប្រក្រតីត្រូវបានសង្គ្រោះបន្ទាន់ចំណុចខុនដូមួយនៅព្រះសីហនុ៖ សំណួរជុំវិញការគ្រប់គ្រងទីតាំង ខណៈសមត្ថកិច្ចបន្តស្រាវជ្រាវករណីសង្ស័យពាក់ព័ន្ធគ្រឿងញៀន

 

ខេត្តព្រះសីហនុ៖ មានសេចក្តីរាយការណ៍ថា មនុស្សចំនួន ៥នាក់ មានអាការៈមិនប្រក្រតីនៅក្នុងបន្ទប់ជាន់ទី២៣ នៃអគារ កូសថល បេយ៍ ខុនដូ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ដែលបណ្តាលឱ្យក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ចុះអន្តរាគមន៍ និងបញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់។

លោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានប្រាប់សារព័ត៌មានយើងខ្ញុំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះថា តាមការបញ្ជាក់បឋមរបស់សមត្ថកិច្ច ជនរងគ្រោះទាំង ៥នាក់ សុទ្ធសឹងជាជនជាតិខ្មែរ ហើយករណីនេះត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនលើសកម្រិត។

លោកអធិការបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំង ៥នាក់ មានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ខណៈ ៤នាក់ទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវ និងប្រមូលភស្តុតាងពាក់ព័ន្ធ ដើម្បីកំណត់ឱ្យបានច្បាស់ពីមូលហេតុ និងសាវតានៃករណីនេះ ខណៈអត្តសញ្ញាណរបស់បុគ្គលទាំង ៥នាក់ មិនទាន់ត្រូវបានបង្ហាញជាផ្លូវការនៅឡើយទេ។

អ្វីដែលបានទាក់ទាញការចាប់អារម្មណ៍បន្ថែមនោះ គឺនៅពេលក្រុមការងារសារព័ត៌មានចុះទៅប្រមូលព័ត៌មាននៅទីតាំងកើតហេតុ គេសង្កេតឃើញបរិយាកាសមានភាពរវល់ និងច្របូកច្របល់ ខណៈបុគ្គលមួយចំនួនបានបង្ហាញការប្រុងប្រយ័ត្នខ្ពស់ និងព្យាយាមកំណត់ការផ្តិតយករូបភាពនៅតំបន់ខ្លះនៃអគារ។ទោះជាយ៉ាងណា សារព័ត៌មានយើងខ្ញុំបានគោរពបទប្បញ្ញត្តិរបស់ទីតាំងឯកជន និងមិនបានចូលទៅកាន់តំបន់ដែលមិនត្រូវបានអនុញ្ញាតនោះទេ។

ករណីនេះក៏បានបន្សល់ទុកនូវសំណួរមួយចំនួនជុំវិញការគ្រប់គ្រងទីតាំងស្នាក់នៅប្រភេទខុនដូ និងអគារជួល ខណៈហេតុការណ៍បានកើតឡើងនៅក្នុងបន្ទប់ឯកជនមួយ និងបណ្តាលឱ្យមនុស្សរហូតដល់ ៥នាក់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ក្នុងពេលតែមួយ។

ជុំវិញករណីខាងលើ សារព័ត៌មានយើងខ្ញុំបានព្យាយាមទំនាក់ទំនងទៅភាគីគ្រប់គ្រងអគារ កូសថល បេយ៍ ខុនដូ ដើម្បីស្នើសុំការបកស្រាយ និងព័ត៌មានបន្ថែមពាក់ព័ន្ធនឹងហេតុការណ៍នេះ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ គិតត្រឹមម៉ោងផ្សាយព័ត៌មាននេះ។

បច្ចុប្បន្ន សំណុំរឿងខាងលើកំពុងស្ថិតក្រោមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ខណៈមហាជនកំពុងរង់ចាំលទ្ធផលផ្លូវការ ដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដ និងវិធានការបន្តចំពោះអ្នកពាក់ព័ន្ធ។ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here