លោក អុី ធារិន បើកការដ្ឋានផ្លូវបេតុង ២ខ្សែ ជាង ១គីឡូម៉ែត្រ នៅស្រុកព្រៃនប់ ឆ្លើយតបតម្រូវការប្រជាពលរដ្ឋ

 

ព្រះសីហនុ៖ ដើម្បីបន្តឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំសហការី និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ មានប្រវែងសរុបជាង ១,១៥០ម៉ែត្រ ស្ថិតក្នុងឃុំទឹកថ្លា និងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គម្រោងនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងជួយដោះស្រាយការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈផ្លូវបេតុងថ្មីនឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល ការប្រកបរបរអាជីវកម្ម និងការតភ្ជាប់សេដ្ឋកិច្ចនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោក អុី ធារិន ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់លើគុណភាពសំណង់ និងការអនុវត្តការងារតាមស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវភាពរឹងមាំ និងការប្រើប្រាស់បានយូរអង្វែង។

ប្រជាពលរដ្ឋនៅក្នុងតំបន់បានសម្តែងការសាទរ និងរីករាយចំពោះសមិទ្ធផលថ្មីនេះ ដោយចាត់ទុកថា ជាការឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការរបស់ពួកគាត់ និងជាកត្តាសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាជំរុញការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here