ខេត្តព្រះសីហនុ÷នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មានសេចក្ដីរាយការណ៍ព័ត៌មានពីប្រជាពលរដ្ឋ អំពីករណីសង្ស័យបង្ខាំងមនុស្សដោយខុសច្បាប់នៅទីតាំងមួយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។ភ្លាមៗនោះកម្លាំងសមត្ថកិច្ចចម្រុះបានចុះអន្តរាគមន៍និងបើកការស្រាវជ្រាវក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ។

ជាលទ្ធផល ជនរងគ្រោះម្នាក់ជាជនជាតិចិន ត្រូវបានសង្គ្រោះចេញពីទីតាំងដោយសុវត្ថិភាព ខណៈជនសង្ស័យចំនួន ៥នាក់ ជាជនជាតិចិន ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមានទូរស័ព្ទដៃ លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធផ្សេងៗ ដែលអាចជាភស្តុតាងសម្រាប់ការស្រាវជ្រាវបន្ថែម។

គិតត្រឹមពេលនេះ សមត្ថកិច្ចមិនទាន់បង្ហាញលទ្ធផលលម្អិតនៃការស៊ើបអង្កេត ឬកំណត់បទចោទប្រកាន់ជាផ្លូវការលើជនសង្ស័យនៅឡើយទេ ខណៈសំណុំរឿងកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ និងប្រមូលភស្តុតាងបន្ថែម។

អង្គភាពព័ត៌មានយើងនឹងបន្តតាមដាន និងផ្សព្វផ្សាយព័ត៌មានបន្ថែម នៅពេលមានការបញ្ជាក់ជាផ្លូវការពីសមត្ថកិច្ចពាក់ព័ន្ធ។

